សម្តេចតេជោ ហ៊ុន សែន និងប្រធានសភាកាតា ប្រកាសប្រឹងប្រែងធ្វើការ​រួមគ្នា ដើម្បីសន្តិភាពសកល


(ដូហា, កាតា)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានសភាកម្ពុជា និងលោក ហាសាន់ ប៊ីន អាបឌុល​ឡា អាល-ហ្កានីម (Hassan bin Abdullah Al Ghanim) ប្រធានសភា​កាតា បានប្រកាសប្រឹប្រែងធ្វើការរួមគ្នា ដើម្បីជា​ចំណែក​ដល់សុខសន្តិភាពសកល។

ការប្រកាសនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោកប្រធានសភាកាតានាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីដូហា។

ក្នុងជំនួបនេះ លោកប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ច​របស់សម្ដេចតេជោ និងគណៈប្រតិភូនៅប្រទេសកាតា។ លោកប្រធានសភា បានលើកឡើងថា ទស្សនកិច្ចរបស់សម្តេចតេជោ ពេលនេះជួយ​ជំរុញទំនាក់​ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗរវាងប្រទេស​ទាំងពីរ។



លោកប្រធានសភា បានបន្តថា សភាកាតា មានទំនាក់ទំនង និងសហប្រតិ​បត្តិ​ការជាមួយសភា នៃប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ី​មិនទាន់មានភាពរឹងមាំទេ។ លោកប្រធានសភា លើកយោបល់ថា គួរមាន​ការ​កិច្ចប្រជុំកំពូលសភា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិ​ការ​ឱ្យប្រសើរឡើង។ លោកសង្ឃឹមថា លោកនឹងធ្វើការជាមួយសម្តេចតេជោ លើកិច្ចការនេះ។ លោកប្រធានសភាកាតា បានបន្ថែមថា កាតាមាន​តួនាទី​សំខាន់​នៅក្នុងតំបន់ និងពិភពលោក និងចូលរួមចំណែកក្នុងការសម្រប​សម្រួល​ដើម្បីឱ្យមានដំណោះស្រាយបញ្ហាអន្តរជាតិដូចជា អ៊ុយក្រែន ប៉ាឡេ​ស្ទីន និងអាហ្វានីស្ថានជាដើម។



លោកប្រធានសភាកាតា បានកោតសរសើរ ជំហរអព្យាក្រឹត្យរបស់កម្ពុជា ចំពោះបញ្ហាប៉ាឡេស្ទីន។ លោកបានបន្តថា កាតា បានខិតខំធ្វើការដើម្បី​ឱ្យ​មានបទឈប់បាញ់ក្នុងផលប្រយោជន៍សន្តិភាព និងប្រជាជន។ លោក​ប្រធានសភាយល់ថា បណ្តាសភាក្នុងសកលលោក ដែលស្រឡាញ់​សន្តិ​ភាព គួររួមដៃគ្នាធ្វើកិច្ចការនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកប្រធានសភាកាតា ចំពោះការអញ្ជើញ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ សម្តេចតេជោ ក៏បាន​អរគុណលោកប្រធានសភាចំពោះ ការលើកឡើងពីទំនាក់ទំនងទ្វេភាគី​កម្ពុជា-កាតា និងតួនាទីរបស់សភា ក្នុងការដោះស្រាយបញ្ហាតំបន់ និង​ពិភពលោក។ សម្តេចតេជោ បានបង្ហាញក្តីរីករាយនឹងដំណើរ​ទស្សន​កិច្ច​នៅ​រដ្ឋកាតា ដែលនឹងពង្រឹងទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។



សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា និងកាតាត្រូវធ្វើការជា​មួ​​យគ្នា ​ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជកម្ម។ ប្រទេសកាតាមានសន្តិសុខថាមពល ហើយកម្ពុជាមានសន្តិសុខស្បៀង។ សម្តេចតេជោ ចង់ឃើញវិនិយោគិនកាតា មកកម្ពុជា និងចង់ឃើញការ​ពិគ្រោះ​យោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដោយសារសភាព​ការ​ពិភពលោកស្មុគស្មាញ។

សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលស្គាល់ដោយការពេញចិត្ត និងវាយតម្លៃខ្ពស់នូវតួនាទីរបស់កាតានៅលើឆាកអន្តរជាតិ ដូចជាការ​ចរចា​ពាណិជ្ជកម្មពិភពលោកក្នុងក្របខ័ណ្ឌ Doha Round ជាដើម។ សម្តេច​តេជោ បានគូសបញ្ជាក់ថា ជំហររបស់កាតា និងកម្ពុជាលើបញ្ហា​អន្តរជាតិ និងតំបន់មិនខុសគ្នាទេ។ សម្តេចតេជោ បានលើកឡើងទៀតថា ទោះបី​កម្ពុជា និងកាតា ជាប្រទេសតូចយ៉ាងណាក៏ដោយ តែប្រទេសទាំងពីរត្រូវ​ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។ កម្ពុជា បាន​ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) រហូតដល់ទៅ១០ប្រទេស នៅពេលបច្ចុប្បន្ននេះ។



ចំពោះការលើកឡើងពីកិច្ចប្រជុំអន្តរជាតិសភារបស់លោកប្រធានសភា សម្តេចតេជោ បានលើកឡើងថា កម្ពុជា បានរៀបចំសម័យប្រជុំពេញអង្គ​លើក​ទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) កាល​ពី​​ពីរ​សប្តាហ៍កន្លងទៅនេះ និងបានអនុម័តធម្មនុញសន្តិភាពសកលលោក (Universal Peace Charter, UPC) ដែលបើកចំហរសម្រាប់សភា​ផ្សេងៗទៀត ចូលជាសមាជិក។

សម្តេចតេជោ បានបន្ថែមថា ក្នុងនាមសភាកាតា លោកប្រធានសភា អាច​ផ្តួច​ផ្តើម​គំនិតបង្កើតកិច្ចប្រជុំសភាអាស៊ីមួយ ហើយកម្ពុជាពេញចិត្តចូលរួម​ដើម្បី​ដោះស្រាយបញ្ហាតំបន់ និងសកល។ សម្តេចតេជោ បានបន្តថា សំឡេង​​របស់សភារួមគ្នា អាចរួមសំឡេងជាមួយរាជរដ្ឋាភិបាល នៅអង្គការ​សហប្រជាជាតិ ទោះបីជាសំឡេងស្រាល តែប្រសើរជាងមិនបានធ្វើអ្វីទាំង​អស់។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញលោកប្រធាន​សភា​កា​តា មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។



លោកប្រធានសភាកាតា យល់ស្របថា ធម្មនុញសន្តិភាពសកលលោកមាន​សារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់​សន្តិភាព។ លោកប្រធានសភា ប្រកាសថា នឹងធ្វើការជាមួយ​កម្ពុជាដើម្បី​សន្តិភាពពិភពលោកប្រឆាំងសង្គ្រាម។

ក្នុងជំនួបនេះ សម្តេចតេជោ និងលោកប្រធានសភាកាតា ក៏បានផ្លាស់ប្តូរ​យោ​បល់គ្នាលើស្ថានការណ៍តំបន់ផងដែរ។

លោកប្រធានសភាកាតា បានទទួលយកការអញ្ជើញរបស់សម្តេចតេជោ ដោយក្តីរីករាយក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្រម​ខាង​មុខ៕


Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.