ការព្រមានថ្មីរបស់រុស្ស៊ី នឹងប្រើប្រាស់សព្វាវុធទាំងអស់ ចំពោះលោកខាងលិច បើអ៊ុយក្រែនទទួលបានអាវុធនុយក្លេអ៊ែរ


(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា រុស្ស៊ីនឹងប្រើប្រាស់អាវុធទាំងអស់ដើម្បីកម្ចាត់អ៊ុយក្រែន ប្រសិនបើប្រទេសនេះនទទួលបានអាវុធនុយក្លេអ៊ែរ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា មន្ត្រីលោកខាងលិចកំពុងពិចារណាផ្តល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។


លោក ពូទីន បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅកាហ្សាក់ស្ថាន យ៉ាងដូច្នេះថា «ប្រសិនបើប្រទេសដែលយើងកំពុងធ្វើសង្រ្គាមជាមួយឥឡូវនេះ ក្លាយជាមហាអំណាចនុយក្លេអ៊ែរ តើយើងធ្វើអ្វី? ក្នុងករណីនេះយើងនឹងប្រើប្រាស់អាវុធទាំងអស់... គ្រប់មធ្យោបាយនៃការបំផ្លិចបំផ្លាញដែលរុស្ស៉ីមាននៅក្នុងដៃ»។


លោក ពូទីន បានបន្ថែមថា ការផ្ទេរអាវុធនុយក្លេអ៊ែរទៅឱ្យអ៊ុយក្រែន នឹងជាការរំលោភលើកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ទន្ទឹមគ្នានេះ លោកក៏បានព្រមានថា ប្រសិនបើអ៊ុយក្រែនផលិត «គ្រាប់បែកកខ្វក់» ដែលជាគ្រាប់បែកមានសារធាតុវិទ្យុសកម្ម នោះរុស្ស៊ីក៏នឹងចាត់វិធានការសងសឹកផងដែរ។


គួរបញ្ជាក់ថា បន្ទាប់ពីសហភាពសូវៀតដួលរលំក្នុងឆ្នាំ ១៩៩១ អ៊ុយក្រែនបានទទួលមរតកអាវុធនុយក្លេអ៊ែរមួយចំនួនធំ។ ប៉ុន្តែនៅឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រមបោះបង់ចោលអាវុធទាំងនោះ និងចូលរួមជារដ្ឋភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ការសម្រេចចិត្តនេះ ធ្វើឡើងក្រោមកិច្ចព្រមព្រៀងមួយដែលហៅថា អនុស្សរណៈនៃទីក្រុង Budapest ដែលរុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានសន្យាថានឹងធានាសន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន៕

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.