នាវាចម្បាំងអាមេរិក និងកាណាដា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីសមយុទ្ធចិន

(តៃប៉ិ)៖ នាវា​ចម្បាំងអាមេរិកមួយគ្រឿង និងនាវាចម្បាំងមួយគ្រឿងរបស់កាណាដា បានធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា មិនដល់មួយសប្ដាហ៍ស្រួលបួលផង បន្ទាប់ពីចិនធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។


កងនាវាទី៧ នៃកងទ័ពជើងទឹកអាមេរិក បាន​ឱ្យដឹងនៅថ្ងៃចន្ទ ទី២១​ ខែតុលានេះថានាវាពិឃាដអាមេរិក USS Higgins និងនាវាចម្បាំងកាណាដា HMCS Vancouver បានធ្វើដំណើររួមគ្នាជាទម្លាប់ធម្មតា ឆ្លងកាត់តាមដែនទឹក ជាទីដែលមានសេរីភាពធ្វើនាវាចរណ៍ និងការហោះហើរជាអន្តរជាតិត្រូវបានអនុវត្ត អនុលោមតាមច្បាប់អន្តរជាតិ។ ការធ្វើដំណើរឆ្លងកាត់នេះក៏បង្ហាញផងដែរពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងកាណាដា នៅក្នុងការថែរក្សាសេរីភាពនៃ ការធ្វើនាវាចរណ៍សម្រាប់ប្រទេសទាំងអស់។


ប៉ុន្តែ ព្រមពេលជាមួយគ្នា ចិនបានចាត់ទុកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយនាវាចម្បាំងអាមេរិក និងកាណាដា ជាសកម្មភាពរំខានដល់ស្ថិរភាព និងសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ខណៈកងកម្លាំងចិនបានតាមដាន និងព្រមាននាវាចម្បាំងទាំង២នោះ។


គួរបញ្ជាក់ថា នាវាចម្បាំងអាមេរិក និងកាណាដា ធ្លាប់បានធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់លើកចុងក្រោយបំផុត កាលពីខែកញ្ញា ឆ្នាំ២០២៣៕

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.