(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Yoav Gallant បានជំរុញឱ្យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចុះកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ជាមួយ ក្រុមហាម៉ាស ដើម្បីនាំចំណាប់ខ្មាំងនៅសេសសល់ចេញពីតំបន់ហ្កាហ្សា ត្រឡប់មកពីផ្ទះវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអំពាវនាវរបស់លោក Yoav Gallant ធ្វើឡើងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនង X កាលពីថ្ងៃអាទិត្យ ទី១ ខែកញ្ញា និងបន្ទាប់ពីយោធាអ៉ីស្រាអែលបានរកឃើញ សាកសពចំណាប់ខ្មាំង ៦នាក់ នៅភាគខាងត្បូងតំបន់ហ្កាហ្សា ក្នុងថ្ងៃដដែលនោះ។ លោក Gallant បានគូសបញ្ជាក់ដូច្នេះថា «វាយឺតពេលណាស់ទៅហើយសម្រាប់ចំណាប់ខ្មាំងដែល ត្រូវបានសម្លាប់យ៉ាងឃោរឃៅ។ ចំណាប់ខ្មាំងដែលនៅសេសសល់កំពុងស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ត្រូវតែនាំពួកគេត្រឡប់មកផ្ទះវិញ»។
លោករដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល បានបន្តទៀតថាគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលត្រូវតែកោះប្រជុំភ្លាមៗ ហើយកែប្រែការសម្រេចចិត្តដែលត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ជុំវិញរក្សាទុកកងទ័ពអ៉ីស្រាអែលឱ្យឈរជើងនៅច្រករបៀង Philadelphi ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលជាចំណុចខ្ទាស់ដ៏ធំមួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងកិច្ចចរចា។ លោក Netanyahu បានទទូចថាការរក្សាវត្តកងទ័ពអ៉ីស្រាអែលនៅច្រករបៀង Philadelphi គឺមានគោលដៅទប់ស្កាត់កុំឱ្យក្រុមហាម៉ាសរត់ពន្ធអាវុធចេញពីអេហ្ស៉ីប។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យនោះដែរ លោក Netanyahu បាននិយាយថាអ៉ីស្រាអែលមានការប្ដេជ្ញាចិត្តចំពោះការចុះកិច្ចព្រមព្រៀងបទឈប់បាញ់។ ប៉ុន្តែ លោកបានបន្ទោសហាម៉ាស ថាបានបដិសេធទទួលយកសំណើមួយចំនួនដែលបានព្រមព្រៀងគ្នាជាមួយសហរដ្ឋអាមេរិក ហើយថាការស្លាប់របស់ចំណាប់ខ្មាំង ៦នាក់ខាងលើ បានបង្ហាញថាហាម៉ាសមិនមានចេតនា បញ្ឈប់ការប្រយុទ្ធគ្នានោះទេ៕