លោក ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្ត្រីអ៉ីសា្រអែល ណេតាន់យ៉ាហ៊ូ ក្នុងរដ្ឋ Florida


(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នឹងត្រូវទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃសុក្រសប្ដាហ៍នេះ នៅឯភូមគ្រឹះរបស់លោកក្នុងទីក្រុង Palm Beach រដ្ឋ Florida ជាសញ្ញាមួយបង្ហាញថាអ្នកទាំង២កំពុងសម្លឹងទៅរកការស្ដារទំនាក់ទំនងត្រឡប់ទៅរក ភាពល្អប្រសើរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។


លោក ដូណាល់ ត្រាំផ្ទាល់គឺជាអ្នកបញ្ជាក់ពីជំនួបជាមួយលោក ណេតាន់យ៉ាហ៊ូ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា ដែលអាចនឹងក្លាយជាជំនួបដំបូងបំផុតរវាងអ្នកទាំង២ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចុះចេញពីតំណែងជាប្រធានាធិបតី និងចំពេលទំនាក់ទំនងរវាងលោក ណេតាន់យ៉ាហ៊ូ ជាមួយ លោក ចូ បៃដិន កំពុងមានភាពរកាំរកូសនឹងគ្នាជុំវិញសង្រ្គាមប្រឆាំងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ មុនការប្រកាសរបស់លោក ត្រាំ សារព័ត៌មានអាមេរិក Politico បានរាយការណ៍ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោក ណេតាន់យ៉ាហ៊ូ បានស្នើឱ្យមានជំនួបដោយផ្ទាល់ជាមួយលោក ត្រាំ។ តែខាងស្ថានទូតអ៉ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ចំពោះបញ្ហានេះ។



គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាទីដែលលោកត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភាទាំង២ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ព្រមទាំងនឹងត្រូវជួបលោកប្រធានាធិបតី ចូ បៃដិន និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីសផងដែរ៕

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.