(TAOYUAN តៃវ៉ាន់)៖ តៃវ៉ាន់ នៅថ្ងៃចន្ទ ទី២២ ខែកក្កដានេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួនឈ្មោះ Han Kuang ហើយដែលក្នុងឆ្នាំនេះសមយុទ្ធនឹងត្រូវបានធ្វើឡើង ដោយមិនមានការរៀបចំទុកជាមុននោះទេ ពោលគឺយោធាត្រូវហ្វឹកហាត់ពីរបៀបឆ្លើយតបទៅនឹងសេណារីយ៉ូដូចជាចិនបើកការវាយប្រហារមែនទែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
សមយុទ្ធប្រចាំឆ្នាំរបស់តៃវ៉ាន់ ធ្វើឡើងក្នុងពេលដែលទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បាន និងកំពុងបង្កើនការធ្វើសកម្មភាពយោធា អមជាមួយការធ្វើសមយុទ្ធ ស្ទើរ ជាប្រចាំនៅជុំវិញកោះតៃវ៉ាន់។ ខណៈសមយុទ្ធ Han Kuang នៅក្នុងឆ្នាំនេះដែលមានរយៈពេល៥ថ្ងៃ បានចាប់ផ្ដើមនៅឯទីក្រុង Taoyuan នៃភាគខាងជើងកោះតៃវ៉ាន់ និងស្ថិតក្រៅ ទីក្រុងតៃប៉ិ ព្រមទាំងជាមូលដ្ឋានដ៏សំខាន់នៃអាកាសយានដ្ឋានអន្តរជាតិ ទាហានបម្រុងរបស់តៃវ៉ាន់បានប្រមូលផ្ដុំគ្នាដើម្បីទទួលបញ្ជាធ្វើឱ្យដូចពួកគេកំពុងស្ថិតក្នុងសង្រ្គាមពិតៗ។ រីឯ រថយន្ដវ៉ែនជាច្រើនគ្រឿងបានប្រញាប់ប្រញាល់ដឹកការផ្គត់ផ្គង់នានា។
តាមយោធាតៃវ៉ាន់ នៅក្នុងសមយុទ្ធប្រចាំឆ្នាំនេះ កងទ័ពរបស់ខ្លួនក៏នឹងត្រូវហ្វឹកហាត់សមពីរបៀបការពារទីក្រុងតៃប៉ិផងដែរ ហើយការធ្វើសមយុទ្ធបាញ់គ្រាប់ពិតគឺនឹងត្រូវធ្វើឡើងតែ នៅលើកោះនៅឆ្ងាយពីតៃវ៉ាន់ ក្នុងនោះរួមមានកោះ Kinmen និងកោះ Matsu ដែលស្ថិតនៅកៀកនឹងចិន។
គួរបញ្ជាក់ថា ខុសប្លែកពីសមយុទ្ធ Han Kuang មុនៗ សមយុទ្ធក្នុងឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅធ្វើដូចជាការប្រយុទ្ធនៅក្នុងសង្រ្គាមមែនទែនជាមួយចិន ដោយយោធាតៃវ៉ាន់មិនបានប្រកាសពី សេណារីយ៉ូរៀបចំទុកជាមុនសម្រាប់សមយុទ្ធនេះឡើយ។ អំឡុងសមយុទ្ធនេះដែរ យោធាតៃវ៉ាន់នឹងបន្ថែមការធ្វើសមយុទ្ធនៅពេលយប់ ព្រមទាំងហ្វឹកហាត់ពីរបៀបធ្វើប្រតិបត្តិការជាមួយ ទីបញ្ជាការដែលត្រូវបានកាត់ផ្ដាច់ការទាក់ទង ក្នុងករណីមានសង្រ្គាម៕