សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកឯកអគ្គរដ្ឋទូតចិន ប្រកាសប្រឹងប្រែងជំរុញកិច្ចសហ​ប្រតិបត្តិការរវាងកម្ពុជា-ចិន ដើម្បីប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងពីរ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រកាសប្រឹងប្រែងធ្វើការជាមួយគ្នា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដើម្បីនាំមកនូវប្រយោជន៍ថ្មីៗបន្ថែមទៀត​សម្រាប់​ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។


ការបង្ហាញនូវការតាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក វ៉ាង វិនពីន នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។


ក្នុងជំនួបនេះ សម្ដេចធិបតី បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោក វ៉ាង វិនពីន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក វ៉ាង វិនពីន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។



លោកឯកអគ្គរដ្ឋទូត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។


លោកឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ លោកឯកអគ្គរដ្ឋទូត ដែលមានរហស្សនាម «អ្នកចម្បាំងចចក» បានបង្ហាញការប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។



សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកឯកអគ្គរដ្ឋទូត ក៏បានសម្ដែងការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យកសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ៕

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.