(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី២៦ ខែកក្កដា បានប្រកាសថាលោកនឹងធ្វើយុទ្ធនាការឃោនាបោះឆ្នោតមួយផ្សេងទៀត ឆាប់ៗនេះ នៅក្នុងទីក្រុង Butler រដ្ឋ Pennsylvania ជាទីដែលខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារធ្វើឱ្យរូបលោករងរបួសស្រាលត្រង់ស្លឹកត្រចៀកខាងស្ដាំ កាលពីជាង ២សប្ដាហ៍មុន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ដូណាល់ ត្រាំ បានសរសេរដូច្នេះថា «ខ្ញុំនឹងត្រឡប់ទៅកាន់ទីក្រុង Butler រដ្ឋ Pennsylvania សាជាថ្មី ដើម្បីធ្វើយុទ្ធនាការដ៏ធំអស្ចារ្យ មួយ និងដើម្បីគោរពដល់ដួងព្រលឹងនៃវីរជនពន្លត់អគ្គិភ័យដ៏ក្លាហានរបស់យើង (លោក) Corey និងជនរួមជាតិដ៏ក្លាហានដែលបានរងរបួសកាលពីជាង២សប្ដាហ៍មុន»។
លោក ត្រាំ មិនបានបញ្ជាក់អ្វីលម្អិត ឬកាលបរិច្ឆេទនោះទេ ដោយគ្រាន់តែនិយាយថាឱ្យតាមដានព័ត៌មានតាមកញ្ចប់ទូរទស្សន៍។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ បានគេចផុតពីការប៉ងធ្វើឃាត ដោយរូបលោកត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់ឱ្យរងរបួសស្រាលត្រង់ស្លឹកត្រចៀកខាងស្ដាំ ក្នុងពេលកំពុងថ្លែងសារទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក នៅឯយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Butler រដ្ឋ Pennsylvania។ ភ្លាមៗនោះ ក្រុមអ្នកលបបាញ់ នៃកងការពារ Secret Service បានបាញ់សម្លាប់ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks មានអាយុ២០ឆ្នាំ ភ្លាមៗ ក្រោយរូបគេបាញ់ ៨គ្រាប់តម្រង់ទៅរកលោក ត្រាំ៕