ចិនជំរុញឱ្យអង្គការណាតូបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងចិត្តគំនិតនៃសង្គ្រាមត្រជាក់


អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសចិនជំរុញឱ្យ សម្ព័ន្ធយោធាណាតូ បញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ខ្លួនមកលើចិន និងការប៉ុនប៉ងរបស់ខ្លួនដើម្បីផ្លាស់ប្តូរការស្តីបន្ទោសមកលើប្រទេសចិន។


អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បានអត្ថធិប្បាយបែបនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ឆ្លើយតបទៅនឹងសំណួរអំពីការអះអាងដែលធ្វើឡើងដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg។ លោក លីន បាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអង្គការណាតូដែលប្រើប្រាស់ប្រទេសចិនជាលេសដើម្បីពង្រីកវិសាល ភាពរបស់ខ្លួនឆ្ពោះទៅភាគខាងកើត ទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបង្កអស្ថិរភាពក្នុងតំបន់នេះ។


អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍ពិភពលោក និងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ។ កម្មវត្ថុ និងគោលជំហរយុត្តិធម៌របស់ចិន រួមជាមួយនឹងតួនាទីស្ថាបនារបស់ខ្លួនក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ ដូចជាវិបត្តិអ៊ុយក្រែនជាដើម ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាយូរមកហើយ។


ប្រទេសចិនជំរុញឱ្យអង្គការណាតូកែតម្រូវការយល់ឃើញខុសរបស់ខ្លួនចំពោះប្រទេសចិន បោះបង់ចោលចិត្តគំនិតសង្គ្រាមត្រជាក់ និងហ្គេមលទ្ធផលសូន្យ ឬហៅថា zero-sum game និងការចាត់ទុកគេជាសត្រូវដោយគ្មានការវិនិច្ឆ័យ។ ផ្ទុយទៅវិញ អង្គការណាតូគួរតែចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពិភពលោក វិញប្រសើរជាង៕

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.