ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបេជ្ញាយ៉ាងខ្លាំងក្លាការពារអ៊ុយក្រែន ប្រឆាំងទល់នឹងសង្រ្គាមរបស់រុស្ស៊ី នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ (០៩ កក្កដា) ដោយប្រើវេទិកាពិភពលោកមួយនេះដើម្បីព្យាយាមបង្ហាញសម្ព័ន្ធមិត្តក្នុងប្រទេស និងក្រៅប្រទេសថាលោកនៅតែអាចដឹកនាំបាន។
លោក Biden បាននិយាយក្នុងកិច្ចស្វាគមន៍ចំពោះប្រទេសសមាជិកណាតូ ក្នុងកិច្ចប្រជុំកំពូលដោយសំដៅទៅប្រធានាធិបតីរុស្ស៊ីថា៖ «លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ចង់បានតែការចុះចាញ់ទាំងស្រុងរបស់អ៊ុយក្រែនប៉ុណ្ណោះ ប៉ុន្តែអ៊ុយក្រែន នឹងបញ្ឈប់លោក ពូទីន មិនឱ្យសម្រេចគោលដៅឡើយ»។
សុន្ទរកថាថ្ងៃអង្គារនេះ លោក Biden បានថ្លែងពោរពេញដោយកម្លាំង ដោយប្រើសំឡេងលឺៗ និងមានទំនុកចិត្ត ហើយភាគច្រើនមិនបានបង្ហាញសញ្ញានៃការភាន់ច្រឡំ ដូចទៅនឹងការជជែកដេញដោលរបស់លោកទល់នឹងលោក ដូណាល់ ត្រាំ (Donald Trump) នោះទេ។ លោក Biden បានបន្តថា៖ «សព្វថ្ងៃនេះ សម្ព័ន្ធយោធាណាតូ ខ្លាំងក្លាជាងអ្វីដែលខ្លួនធ្លាប់មានក្នុងប្រវត្តិសាស្ត្រទៅទៀត។
អង្គការណាតូ ដែលប្រារព្ធខួបលើកទី៧៥ របស់ខ្លួន បានរកឃើញគោលបំណងថ្មីក្នុងការប្រឆាំងនឹងសង្គ្រាមរបសលោក ពូទីន ទៅលើអ៊ុយក្រែន ហើយសង្រ្គាមដ៏រ៉ាំរ៉ៃនោះនឹងគ្របដណ្តប់ការសន្ទនាជាឯកជនរវាងបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកទាំងអស់៕