រដ្ឋធានីវ៉ាស៊ីនតោន
លោកប្រធានាធិបតី Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យ ដោយបញ្ចប់ការប្រឹងប្រែងរបស់លោកសម្រាប់ការបោះឆ្នោតឡើងវិញ បន្ទាប់ពីការជជែកដេញដោលដ៏មហន្តរាយជាមួយលោក Donald Trump ដែលបានធ្វើឱ្យមានការសង្ស័យអំពីកាយសម្បទារបស់លោកសម្រាប់តំណែងនេះ ដែលនឹងត្រូវបោះឆ្នោតនៅត្រឹមតែបួនខែខាងមុខ។ .
ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានការកើនឡើងនូវសម្ពាធពីសម្ព័ន្ធមិត្តនៃគណបក្សប្រជាធិបតេយ្យរបស់លោក Biden ឱ្យលោកដើរចេញបន្ទាប់ពីការជជែកដេញដោលកាលពីថ្ងៃទី ២៧ខែមិថុនា ដែលលោកប្រធានាធិបតីមានអាយុ ៨១ ឆ្នាំរូបនេះ ពិភាក្សាមិនបានល្អហើយជារឿយៗផ្តល់ចម្លើយមិនសមហេតុសមផល និងមិនបានចាប់កំហុសអំពីការនិយាយមិនពិតជាច្រើនរបស់លោកអតីតប្រធានាធិបតី។
លោក Biden គ្រោងនឹងកាន់តំណែងឲ្យពេញអាណត្តិរបស់លោកដែលនៅសេសសល់ហើយដែលនឹងបញ្ចប់នៅថ្ងៃត្រង់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
លោក Biden បានសរសេរក្នុងសំបុត្រមួយដែលបានបង្ហោះក្នុងគណនី X របស់លោកថា លោកនឹងបំពេញតួនាទីជាប្រធានាធិបតីសម្រាប់អាណត្តិដែលនៅសល់៖
«វាជាកិត្តិយសដ៏ធំបំផុតក្នុងជីវិតរបស់ខ្ញុំក្នុងការធ្វើជាប្រធានាធិបតីរបស់អ្នកទាំងអស់គ្នា។ ហើយខណៈពេលដែលវាជាបំណងរបស់ខ្ញុំក្នុងការស្វែងរកការបោះឆ្នោតឡើងវិញ ខ្ញុំជឿថាវាជាផលប្រយោជន៍ដ៏ល្អបំផុតរបស់គណបក្ស និងប្រទេសរបស់ខ្ញុំ ដែលខ្ញុំត្រូវចុះចេញនិងផ្តោតលើតួនាទីជាប្រធានាធិបតីរហូតដល់ផុតអាណត្តិ»។
ជិត៣០នាទីក្រោយមក លោក Biden បានគាំទ្រអ្នកស្រីអនុប្រធានាធិបតី Kamala Harris ដែលជាបេក្ខជនទទួលបានការគាំទ្រភ្លាមៗរបស់គណបក្សសម្រាប់ការតែងតាំងនៅក្នុងសន្និបាតបក្សនៅខែសីហានៅទីក្រុង Chicago។
លោកប្រធានាធិបតីបានសរសេរនៅក្នុងការប្រកាសមួយផ្សេងទៀតនៅលើបណ្តាញសង្គម Xថា៖ «ថ្ងៃនេះខ្ញុំចង់ផ្តល់ការគាំទ្រ និងការយល់ព្រមពេញលេញរបស់ខ្ញុំសម្រាប់អ្នកស្រី Kamala ឱ្យក្លាយជាបេក្ខភាពនៃគណបក្សរបស់យើងនៅឆ្នាំនេះ។ ក្រុមអ្នកប្រជាធិបតេយ្យទាំងឡាយ ឥឡូវនេះ វាដល់ពេលដែលត្រូវរួមគ្នា ហើយផ្តួលលោក Trump»។
ការសម្រេចចិត្តរបស់លោក Biden បានកើតឡើងខណៈដែលលោកបាននៅដាច់ដោយឡែកពីគេនៅគេហដ្ឋានរបស់លោកនៅឆ្នេរសមុទ្រក្នុងរដ្ឋ Delaware បន្ទាប់ពីត្រូវបានពេទ្យធ្វើរោគវិនិច្ឆ័យថាលោកមានជំងឺកូវីដ១៩ កាលពីសប្តាហ៍មុន។ លោកបាននៅពិភាក្សាជាមួយនឹងអ្នកទុកចិត្តជិតស្និទ្ធមួយចំនួនតូច និងសមាជិកគ្រួសារអំពីអនាគតនយោបាយរបស់លោក។ លោក Biden បាននិយាយថា លោកនឹងថ្លែងទៅកាន់ប្រជាជាតិនៅសប្តាហ៍នេះ ដើម្បីផ្តល់ «ព័ត៌មានលម្អិត» អំពីការសម្រេចចិត្តរបស់លោក។
ការប្រកាសនេះគឺជាការរំជើបរំជួលចុងក្រោយបំផុតចំពោះយុទ្ធនាការមួយសម្រាប់សេតវិមានដែលគណបក្សនយោបាយទាំងពីរមើលឃើញថាជាការបោះឆ្នោតដ៏មានផលវិបាកបំផុតក្នុងពេលជាច្រើនជំនាន់ ដែលកើតឡើងតែក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ុនប៉ងធ្វើឃាត លោក Trump នៅឯយុទ្ធនាការឃោសនានយោបាយនៅរដ្ឋ Pennsylvania ។
ឥឡូវនេះ គណបក្សប្រជាធិបតេយ្យត្រូវតែប្រឹងប្រែងជាបន្ទាន់ដើម្បីនាំមកនូវភាពស៊ីសង្វាក់គ្នានៅក្នុងដំណើរការជ្រើសរើសបេក្ខជនក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ និងបញ្ចុះបញ្ចូលអ្នកបោះឆ្នោតក្នុងរយៈពេលដ៏ខ្លីមួយដែលថាបេក្ខជនដែលទទួលបានការតែងតាំងរបស់ពួកគេអាចគ្រប់គ្រងការងារ និងផ្តួលលោក Trump បាន។ ហើយសម្រាប់ លោក Trumpវិញគឺ ត្រូវតែផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់លោកទៅកាន់គូប្រជែងថ្មី បន្ទាប់ពីបណ្តុះការយកចិត្តទុកដាក់របស់លោកលើលោក Biden ជាច្រើនឆ្នាំមកហើយ។
ការសម្រេចចិត្តនេះបានបង្ហាញពីការបញ្ចប់ដ៏ឆាប់រហ័ស និងគួរឱ្យភ្ញាក់ផ្អើលដល់ការងាររយៈពេល ៥២ ឆ្នាំរបស់ លោក Biden ក្នុងឆាកនយោបាយ ខណៈដែលម្ចាស់ជំនួយ សមាជិកសភា និងសូម្បីតែជំនួយការបានបង្ហាញដល់លោកនូវការងឿងឆ្ងល់ ថាតើលោកអាចបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថាលោកអាចគ្រប់គ្រងការងារនេះក្នុងរយៈពេល៤ឆ្នាំទៀតឬយ៉ាងណា។
លោក Biden បានឈ្នះគណៈប្រតិភូភាគច្រើន និងរាល់ការប្រជែងជ្រើសរើសបេក្ខជន ប៉ុន្តែនៅសល់តែជំហានមួយទៀតដែលនឹងធ្វើឱ្យលោកទទួលបានការតែងតាំងជាផ្លូវការ។ នៅពេលឥឡូវដោយសារតែលោកបានដកខ្លួនចេញ ប្រតិភូទាំងនោះនឹងមានសេរីភាពក្នុងការគាំទ្របេក្ខជនម្នាក់ទៀត។
អ្នកស្រី Harris ដែលមានអាយុ ៥៩ ឆ្នាំ ហាក់ដូចជាជាអ្នកស្នងតំណែងមួយសមស្របដោយសារមួយផ្នែកធំ គឺអ្នកស្រីជាបេក្ខជនតែមួយគត់ដែលអាចប្រើប្រាស់បានដោយផ្ទាល់នៃធនធានរបស់យុទ្ធនាការ លោក Biden។ នេះបើយោងតាមច្បាប់ហិរញ្ញវត្ថុនៃយុទ្ធនាការសហព័ន្ធ។
ការគាំទ្ររបស់លោក Biden ជួយជម្រះផ្លូវសម្រាប់អ្នកស្រី Harris ប៉ុន្តែការផ្លាស់ប្តូរដោយរលូនមិនអាចធានាបានឡើយ។
សន្និបាតជាតិបក្សប្រជាធិបតេយ្យគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី១៩ដល់២២ ខែសីហានៅ ទីក្រុង Chicago ប៉ុន្តែគណបក្សនេះបានប្រកាសថាខ្លួននឹងឲ្យផ្តល់ការគាំទ្រតាមអនឡាញដើម្បីតែងតាំង លោក Biden ជាផ្លូវការសិន មុនពេលចាប់ផ្តើមដំណើរការដោយផ្ទាល់។
គេនៅតែត្រូវរង់ចាំមើលសិនថាតើបេក្ខជនផ្សេងទៀតនឹងប្រជែងនឹង អ្នកស្រី Harris សម្រាប់ការតែងតាំងនេះឬយ៉ាងណា គណបក្សអាចនឹងត្រូវកែសម្រួលច្បាប់របស់ខ្លួនម្តងទៀតដើម្បីឱ្យការតែងតាំង អ្នកស្រី Harris មានភាពរលូននៅលើអង្គសន្និបាត។
ការព្រួយបារម្ភអំពីអាយុរបស់លោក Biden បានកើតឡើងចាប់តាំងពីលោកបានប្រកាសថាលោកឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ ទោះបីជា លោកTrump មានអាយុតិចជាង៣ ឆ្នាំ។ លោកត្រាំមានអាយុ៧៨ ឆ្នាំ។
ពលរដ្ឋអាមេរិកាំងភាគច្រើនចាត់ទុកថាលោកប្រធានាធិបតីចាស់ពេកសម្រាប់កាន់តំណែងនៅអាណត្តិទីពីរ។ នេះបើយោងតាមការស្ទង់មតិខែសីហាឆ្នាំ២០២៣ ពី មជ្ឈមណ្ឌល NORC Associated Press សម្រាប់ការស្រាវជ្រាវកិច្ចការសាធារណៈ។ ភាគច្រើនក៏សង្ស័យសមត្ថភាពស្មារតីរបស់លោកក្នុងការក្លាយជាប្រធានាធិបតីដែរ ទោះបីជានោះក៏ជាចំណុចខ្សោយសម្រាប់លោក Trump ដែរក៏ដោយ។
ក្រុមយុទ្ធនាការរបស់ លោក Trump មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ លោក Biden ក្នុងការចាកចេញពីការប្រកួតប្រជែងនោះទេ ប៉ុន្តែលោក និងក្រុមការងាររបស់លោកបានកំណត់គោលដៅរបស់ពួកគេសម្រាប់ប្រឈមមុខនឹង លោក Biden យ៉ាងច្បាស់ក្នុងពេលកន្លងមក៕