(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ពិធីបុណ្យវិសាខបូជានេះ ក៏មានការការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំប្រធានព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទផងដែរ។
វិសាខបូជា ជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថា ជាទិវាបុណ្យវិសាខបូជាអន្ដរជាតិ នៅឆ្នាំ១៩៩៩ ដោយអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យនេះ នៅស្នាក់ការអង្គការសហប្រជាជាតិផ្ទាល់តែម្ដង។ ពុទ្ធសាសនិកទូទាំងពិភពលោក បានរៀបចំពិធីបុណ្យនេះទៅតាមប្រពៃណីប្រទេសនីមួយៗ។
ដោយឡែក វិសាខបូជា ត្រូវបានចាត់ទុកជាពិធីបុណ្យជាតិរបស់កម្ពុជា ដែលពលរដ្ឋគ្រប់រូបបានសម្រាកពីការងារ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យនេះ។ គេធ្វើបុណ្យ វិសាខបូជា ឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍៣សំខាន់គឺ៖
- ទី១៖ ថ្ងៃដែលព្រះពុទ្ធបានប្រសូត (ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច)
- ទី២៖ ថ្ងៃដែលព្រះពុទ្ធបានត្រាស់ដឹង (ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំវក)
- ទី៣៖ ថ្ងៃដែលព្រះពុទ្ធបានបរិនិព្វាន (ថ្ងៃអង្គា ១៥កើត ខែពិសាខ ឆ្នាំម្សាញ់)
ព្រះពុទ្ធទ្រង់ប្រសូត នៅក្នុងសួនឧទ្យានលុម្ពិនី (លំពានី សព្វថ្ងៃស្ថិតនៅក្នុងប្រទេសនេប៉ាល់) ក្រោមដើមសាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើតពេញបូរមី ខែពិសាខ ក្នុងឆ្នាំច មុនគ្រិសសករាជប្រហែល៦០០ឆ្នាំ។
ក្នុងព្រះជន្ម២៩ព្រះវស្សា ដោយសង្កេតឃើញសេចក្ដីទុក កើត ចាស់ ឈឺ ស្លាប់ វិលវល់ក្នុងវិវដ្ដសង្សាមិនចេះចប់ មិនចេះហើយ ព្រះសទ្ធម្ម (សុធ័ត) បានស្វែងរកផ្លូវចេញពីសេចក្ដីទុកទាំងនោះ។ ក្រោយពីការស្វិតស្វែងអស់៦ព្រះវស្សា ព្រះអង្គបានរកឃើញផ្លូវរំលត់សេចក្ដីទុក្ខទាំងពួង ហើយបានត្រាស់ដឹងជាព្រះពុទ្ធ នៅក្នុងព្រះជន្ម ៣៥ព្រះវស្សា នៅថ្ងៃពុធ ១៥កើត ពេញបូរមី ខែពិសាខ ឆ្នាំរកា នាវេលាទាបភ្លឺ។
បន្ទាប់មកព្រះអង្គបានចំណាយពេល៤៥ឆ្នាំ ព្រះនិមន្តជួយពន្យល់មនុស្ស ទេវតា សព្វសត្វឱ្យបានយល់អំពីវិធីរំលត់សេចក្ដីទុក្ខក្នុងជីវិត។ សេចក្ដីទុកទាំងឡាយតែងកើតពីការប្រកាន់ ហួងហែង ច្រណែន ឈ្នានីស គំនុំគំគួន និងសេចក្ដីល្ងង់ខ្លៅមិនយល់ពីដំណើរនៃធម្មជាតិ។ បើម្នាក់ៗព្យាយាមលះបង់អកុសលទាំងនោះ នឹងទទួលបានសេចក្ដីសុខពិតប្រាកដមិនខាន។
ព្រះអង្គបានបំពេញបេសកកម្មពេញមួយព្រះជន្ម ដើម្បីជួយសត្វលោកដោយគ្មានរើសអើងអ្នកណាឡើយ។ ឱវាទរបស់ព្រះអង្គនៅជាឱសថដ៏ស័ក្ដិស័ទជួយព្យាបាលសេចក្ដីទុករបស់សត្វលោកតាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះ។
ព្រះអង្គបានរំលត់ខ័ន្ធចូលកាន់ព្រះបរិនិព្វាន ក្នុងព្រះជន្ម ៨០ព្រះវស្សា នៅថ្ងៃអង្គា១៥កើត ពេញបូរមីខែពិសាខ ឆ្នាំម្សាញ់ ដោយបន្សល់ទុកនូវឱវាទ គឺព្រះធម៌របស់ព្រះអង្គជាពន្លឺបំភ្លឺផ្លូវដល់សត្វលោកទាំងឡាយ។
ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះអង្គប្រសូត្រ ត្រាស់ដឹង និងព្រះរិនិព្វាន។ គេធ្វើបុណ្យវិសាខបូជានេះឡើង ដើម្បីរំលឹកដល់ព្រះករុណាធិគុណ្យដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់អ្វីៗគ្រប់យ៉ាងក្នុងមួយជីវិត ដើម្បីជួយស្រោចស្រង់សព្វសត្វទាំងអស់៕