(ក្រុងព្រៃវែង)៖ ឯកឧត្តម ឡាំ ជា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជេីញដឹកនាំក្រុមការងារដេីម្បីដង្ហែក្បួនបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្រុងព្រៃវែង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយមានសមាជិកសមាជិកាបក្សចូលរួម ចំនួន ២៦៧នាក់។
នៅក្នុងឱកាសនោះដែល ឯកឧត្តម ឡាំ ជា បានថ្លែងអំណរចំពោះគណៈកម្មាធិការគណបក្សក្រុង និងក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តាសង្កាត់នៃក្រុងព្រៃវែង ដែលបានខិតខំប្រឹងប្រែង និងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតទាំងពិធីបើក និងពិធីបិទយុទ្ធនាការ ក៏ដូចជាការចុះឃោសនា នៅមូលដ្ឋានក្រុង និងបណ្តាសង្កាត់ដោយផ្ទាល់ជាមួយអង្គបោះឆ្នោត។ សូមរំលឹកផងដែលថា យុទ្ធនាការឃោសនាបោះឆ្នោតដែលយើងនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង គឺបានប្រព្រឹត្តទៅដោយរលូន គ្មានហិង្សា និងគណបក្សនយោបាយនីមួយៗមានសិទ្ធិពេញលេញ ក្នុងការឃោសនា។
ឯកឧត្តម ឡាំ ជា បានលេីកឡេីងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះជាថ្ងៃសម្រេចចិត្តរបស់អង្គបោះឆ្នោតដែលជាសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងក្នុងការបោះឆ្នោតជូន គណបក្សខ្លួនដែលស្រឡាញ់ពេញចិត្ត និងជឿជាក់ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុក។
ឯកឧត្តម ប្រធានក្រុមការងារ បានថ្លែងបន្តទៀតថា ការបោះឆ្នោតជ្រើសរើសសមាជិកបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀត។ ហេីយក្រុមការងារ ព្រៃវែង របស់យើងបាន ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ហើយការជួបជុំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាដ៏ច្រើនកុះករទាំងថ្ងៃបើក និងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ និងការឃោសនានៅមូលដ្ឋានបង្ហាញពីភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារបានក៏បានធ្វេីការអំពាវនាវដល់អង្គបោះឆ្នោតមានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានសតិអារម្មណ៍នឹងនរ ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងបានប្តេជ្ញាចិត្តទៅបោះឆ្នោះទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀតចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តព្រៃវែង។ ក្នុងនោះឯកឧត្តមក៏បានលើកឡើងដែលថា៖ «គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ការរួមសាមគ្គីគ្នារបស់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង នឹងទទួលបានជ័យជម្នះយ៉ាងត្រចេះត្រចង់ តាមរយៈនៃការបោះឆ្នោតនេះ ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនធំធេងជូនប្រជាជន និងប្រទេសជាតិទាំងមូលនិងធ្វើឱ្យប្រជាជនស្រឡាញ់ ពេញចិត្តនិងបោះឆ្នោតគាំទ្រហើយសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងនៅរៀងរាល់ការបោះឆ្នោតដែលកើតចេញពីអំពើល្អរបស់មន្ត្រីបក្ស»៕