អភិបាលស្រុកស្ទោង ប្រព័ន្ធធារាសាស្រ្តច្រើន លើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករនិងកាត់បន្ថយចំណាកស្រុក






នៅព្រឹកថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២៤លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងលោកស្រីចាន់ សុផល ប្រធានអង្គការទស្សនៈពិភពលោកប្រចាំតំបន់ស្ទោង ២ និងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយជូនពលរដ្ឋក្រីក្រ ដែលទទួលរងគ្រោះ ដោយភាពរាំងស្ងួតកាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

 

 


ថ្លែងទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអាជ្ញាធរឃុំរុងរឿងនៅក្នុងឱកាសនោះលោក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំរុងរឿងត្រូវ យកចិត្តទុកដាក់ខ្ពស់ពីសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសត្រូវខិតខំកសាងប្រព័ន្ធធារាសាស្ត្រឲ្យបានច្រើនស្អេកស្កះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ ឱ្យកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាកស្រុក របស់ពលរដ្ឋទៅស្រុកខេត្តឬក៏ប្រទេសផ្សេងដែលអាចនាំឲ្យប្រឈមនឹងហានិភ័យផ្សេងៗជាពិសេសការចាញ់បោកមេខ្យល់នៅប្រទេសក្រៅជាដើម។

លោកបញ្ជាក់បន្ថែមថាកាលណាយើងមានប្រព័ន្ធធារាសាស្ត្រនិងប្រព័ន្ធស្រោចស្របបានសុវត្ថិភាពគឺកសិករអាចប្រកបកិច្ចការបង្កបង្កើនផល ដាំដំណាំបានច្រើនរដូវនិងមានចំណូលខ្ពស់ដែលនឹងជម្រុញកំណើនការងារព្រមទាំងចំណូលគ្រួសារ

ជាមួយគ្នានេះដែរ លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការទស្សនៈពិភពលោកកម្ពុជា ដែលតែងតែសហការនិងឧបត្ថម្ភគាំទ្រជ្រោមជ្រែងសព្វបែបយ៉ាងក្នុងកិច្ចការអភិវឌ្ឍន៍ស្រុកស្ទោងក៏ដូចជាការជួយឧបត្ថម្ភគ្រួសារងាយរងគ្រោះ វិស័យសង្គមកិច្ច អប់រំ និងវិស័យផ្សេងៗទៀតជាច្រើន។

 

 

គួរបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំង៥០គ្រួសារ នៅក្នុងឱកាសនេះជាជំនួយរបស់ប្រទេសម៉ាឡេស៊ីតាមរយៈអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុកស្ទោងដែលក្នុងមួយគ្រួសារៗ ទទួលបានូវ អង្ករ១បេ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេះ និងទឹកសុទ្ធព២ប៊ីដុងដែល១ប៊ីដុងស្មើនឹង ២០លីត្រ។

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.